វិធីសាស្រ្តងាយៗដែលជួយឲ្យបញ្ញាមុតស្រួច

វិធីសាស្រ្តងាយៗដែលជួយឲ្យបញ្ញាមុតស្រួច

បញ្ញាមុតស្រួចជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ប៉ុន្តែវាហាក់មានការពិបាកប្រសិនបើយើងមិនបានដឹងពីវិធីសាស្រ្តសំខាន់ខ្លះៗដើម្បីជួយដុសខាត់ និងបង្កើនសមត្ថភាពក្នុងការគិត។ ការស្រាវជ្រាវជាច្រើន​បានបង្ហាញថា យើងអាចការពារកុំឲ្យបញ្ញារបស់យើងចុះខ្សោយទៅតាមវ័យ ដោយគេងឲ្យបានគ្រប់គ្រាន់ តមពិសាបារីនិងគ្រឿងស្រវឹង ធ្វើលំហាត់ប្រាណជាប្រចាំ ឬទទួលទានអាហារឲ្យមានតុល្យភាព ឬមិនលើកម្រិត។ល។​ ដូចគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ ក៏បានទំលាយពីអាថ៍កំបាំងស្រដៀងនឹងការៀបរាប់ខាងលើ ដែលអាចជួយឲ្យលោករក្សាបាននូវសុខភាពផ្នែកបញ្ញាបានល្អប្រសើរ ខណៈលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី ០២​ កញ្ញ​ កន្លងទៅ។ 

 ថ្ងៃនេះ modewellness សូមលើកយកវិធីសាស្រ្តងាយៗនិងសាមញ្ញខ្លះៗ ដែលចេញផ្សាយដោយ Harvard Medical School និងប្រភពព័ត៌មានផ្សេងៗទៀត​ មកជូនមិត្តអ្នកអានរបស់យើង យកទៅអនុវត្តដើម្បីជួយឲ្យខ្លួនឯងរក្សាបាននូវភាពវ័យក្មេងជាពិសេស​ទាក់ទងទៅការចងចាំ ដ្បិតអាយុគ្រាន់តែជាតួលេខ។

១. ធ្វើខ្លួនឲ្យរវល់នឹងការរៀនសូត្រ៖

នៅពេលយើងវិវឌ្ឍន៍ទៅកាន់វ័យចំណាស់ ការចងចាំហាក់មានការថយចុះ ប៉ុន្តែយើងអាចរក្សាការចងចាំយើងមានភាពប្រសើរដូចកាលពីក្មេង ប្រសិនបើយើងមានភាពសកម្មក្នុងការរៀនសូត្រក៏ដូចជាអានសៀវភៅ និងរៀនអ្វីដែលថ្មី។ អ្នកជំនាញបានរកឃើញថាការអប់រំអាចជួយឲ្យយើងរក្សាការចងចាំបានល្អដោយធ្វើឲ្យយើងមានទម្លាប់សកម្មក្នុងការធ្វើអ្វីមួយ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

យើងគួរតែចំណាយពេលវេលាយ៉ាងហោចណាស់ ៣០​ នាទីដើម្បីអានសៀវភៅ ឬរៀនជំនាញណាមួយថ្មីដែលយើងចូលចិត្ត។ ធ្វើដូច្នេះដើម្បីឲ្យខួរក្បាលយើងកាន់តែមានភាពសកម្ម ហើយជួយរក្សាការចងចាំបានល្អ ទោះបីជាយើងឈានចូលវ័យចំណាស់ក៏ដោយ។

modewellness

២. ប្រើញាណរបស់យើង

អ្នកវិទ្យាសាស្ត្របានរកឃើញថាការប្រើប្រាស់ស្មារតីនៃញាណទាំងអស់របស់យើង អាចផ្តល់ភាពងាយស្រួលដល់ផ្នែកផ្សេងៗនៃខួរក្បាលរបស់យើងសកម្ម និងអាចជួយឲ្យយើងរក្សាការចងចាំបានល្អប្រសើរ។ 

នៅក្នុងការពិសោធន៍មួយបានបង្ហាញថា​ ក្មេងៗត្រូវបានគេបង្ហាញរូបភាពពីរ ដែលរូបមួយមានក្លិន និងមួយទៀតគ្មានក្លិន ហើយជាលទ្ធផលក្មេងៗទាំងនោះអាចចងចាំរូបភាពដែលមានក្លិនបានប្រសើរជាងរូបភាពដែលគ្មានក្លិន។ វាជាការចាំបាច់ក្នុងការប្រើប្រាស់ញាណរបស់យើង ដើម្បីឲ្យពួកវាមានភាពសកម្ម និងជួយប្រយុទ្ធប្រឆាំងនឹងភាពងាយទ្រុឌទ្រោម។ លោកនាយកមន្ត្រីម៉ាឡេស៊ី មហាធៀ មហាំម៉ាត់ ដែលមានវ័យ ៩៤ ឆ្នាំ តែរាងកាយនិងបញ្ញាមានភាពសកម្ម ដែលខុសឆ្ងាយជាងអាយុរបស់លោក ធ្លាប់បាននិយាយថា លោកមានទម្លាប់អានសៀវភៅនិងមានភាសកម្មតាំងពីក្មេង ដ្បិតលោកថា​ ទម្លាប់ទាំងនេះអាចជួយឲ្យលោករក្សាបានភាពវ័យក្មេងទាំងរាងកាយនិងបញ្ញា ព្រមទាំងការចងចាំ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរហ្វឹកហាត់ប្រើប្រាស់ញាណរបស់យើងជាប្រចាំ​ ដូចជាការធ្វើលំហាត់ប្រាណ ឬអានសៀវភៅ ដើម្បីជៀសវាងការចុះខ្សោយនៃផ្នែកណាមួយនៃញាណ។

modewellness

៣. ព្យាយាមចងចាំរឿងលម្អិតសំខាន់៖

ការចងចាំរឿងលម្អិតសំខាន់ណាមួយអាចជួយដុសខាត់ខួរក្បាលយើងឲ្យមានការចងចាំបានប្រសើរ។ ឧទាហរណ៍៖ មាននរណាម្នាក់ប្រាប់រឿងសំខាន់អ្វីមួយដល់យើង វាជាប្រការចាំបាច់ដែលយើងគួរផ្តោតអារម្មណ៍ក្នុងការស្តាប់និងព្យាយាមចាប់យកចំនុចលម្អិតសំខាន់ៗនោះ។ ឬ នៅពេលជួបធ្វើការប្រាស្រ័យទាក់ទងនឹងមនុស្សជាច្រើនក្នុងកម្មវិធីណាមួយ យើងគួរព្យាយាមចងចាំឈ្មោះរបស់ពួកគាត់។​ ការធ្វើដូច្នេះ មិនត្រឹមតែជួយការចងចាំរបស់យើងឲ្យមានភាពប្រសើរប៉ុណ្ណោះទេ វា​ ថែមទាំងជួយឲ្យយើងមានទំនាក់ទំនងល្អជាអ្នកដទៃផងដែរ។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរកត់ត្រាទុកចំនុចសំខាន់ៗ មិនថាការអានសៀវភៅ ឬស្តាប់រឿងសំខាន់អ្វីមួយនោះទេ។​ ធ្វើដូច្នេះ វាអាចជួយរំលឹកយើងនៅពេលក្រោយបាន។ នៅពេលហ្វឹកហាត់វាជាប្រចាំ វាប្រៀបប្រដូចជាយើងសំលៀងនិងដុសខាត់ខួរក្បាលឲ្យចងចាំបានល្អនោះដែរ។

modewellness

៤. ទទួលទា​នអាហារក្នុងកម្រិតសមស្រប៖

ការញុំាអាហារនៅក្នុងកម្រិតមួយសមស្របអាចជួយឲ្យយើងរក្សាបាននូវភាពវ័យក្មេង ដ្បិត​វាអាចជួយឲ្យយើងរក្សាតុល្យភាពនៃទម្ងន់របស់យើង។ នៅក្នុងកិច្ចសម្ភាសន៍នៃសារព័ត៌មាន​ The Straits Times របស់ប្រទេសសិង្ហបូរី លោក មហាធៀ មហាំម៉ាត់ បានផ្តល់យោបល់ថា «ចូរកុំញ៉ាំអាហារច្រើនហួសកម្រិត»​ នៅពេលដែលលោកត្រូវបានគេសួរពីអាថ៍កំបាំងនៃភាពក្មេងជាងវ័យរបស់លោក។ 

ពេលដែលមានម្ហូបឆ្ងាញ់ យើងប្រហែលជាទទួលទានអាហារច្រើនជាងសព្វមួយដង ហើយវាអាចធ្វើឲ្យក្រពះរីកធំ និងធ្វើឱ្យយើងញុំាកាន់តែច្រើន ពិតណាស់វាធ្វើឲ្យយើងមានភាពខ្ជិលច្រអូសថែមទៀតផង។ វាជាចំណែកមួយដែលធ្វើឲ្យអសកម្មក្នុងការថែទាំសុខភាពរាងកាយនិងបញ្ញាស្មារតី។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរញុំាអាហារ​ ១/៣ ញុាំទឹក ១/៣ ឬញុាំក្នុងកម្រិតមួយល្មមអាចផ្តល់ថាមពលគ្រប់គ្រាន់ដល់រាងកាយនិងខួរក្បាល។

modewellness

**អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ កាលណាយើងថែទាំសុខភាពរាងនិងបញ្ញារបស់យើងបានល្អ។ ក្រៅពីវីធីសាស្ត្រធ្វើឲ្យបញ្ញាមុតស្រួច យើងក៏គួរថែរក្សារូបរាងកាយរបស់យើងឲ្យបានក្មេងជាងវ័យដោយយើងអាចប្រើប្រាស់ប្រភេទអាហារបំប៉នដូចជា កូឡាចែន​ប្រភេទចាហួយក្នុងការរក្សា និង​ បង្កើនសម្រស់ ឬ Placenta Collagen ដើម្បីឲ្យយើងរក្សាបានភាពវ័យក្មេង៕

Add Comment

Your email address will not be published. Required fields are marked *

shares