គួរស្វែងយល់! តើភាពជោគជ័យជាអ្វី?

គួរស្វែងយល់! តើភាពជោគជ័យជាអ្វី?

កាលពីពេលថ្មីៗនេះ ខ្ញុំបាននិយាយលេងជាមួយមិត្តភក្កិស្និតស្នាលរបស់ខ្ញុំថា៖ ជោគជ័យគឺប្រៀបដូចនឹង ORGASM អញ្ចឹង។​ ពេលនោះ​ ពួកគាត់ភាគច្រើនបានផ្ទុះសំណើចយ៉ាងក្អាកក្អាយ ​ដោយបង្ហាញពីភាពរីករាយជាមួយការនិយាយបែបកំប្លុកកំប្លែងរបស់ខ្ញុំ។​ ខ្ញុំមិននឹកស្មានសោះថា​ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក​ មាននារីម្នាក់ស្នើខ្ញុំសម្ភាសពី​​ជំហ៊ានជោគជ័យ (របស់ខ្ញុំ)។​ ខ្ញុំបានប្រាប់នាងដូចអ្វីដែលខ្ញុំបាននិយាយប្រាប់មិត្តភក្កិខ្ញុំដែរ។​ ជាអកុសល​ ស្រាប់តែនាងឆ្លើយថា៖​ លោកឈ្លើយណាស់​ គ្មានសុជីវធម៌បន្តិចសោះ! ​

ខ្ញុំអស់សំណើច​ ហើយប្រាប់នាងបន្ថែមទៀតថា៖​ ទោះបីជាខ្ញុំប្រាប់នាងយ៉ាងណាក៏អ្នកមិនជឿដែរ ​ព្រោះជោគជ័យពិតជាដូច ORGASM មែន​ ហើយប្រសិនបើក្នុងជីវិតរបស់អ្នកមិនដែលស្គាល់អ្វីទៅជា ORGASM ផងនោះ​ ទោះជាខ្ញុំពន្យល់យ៉ាងណាក៏អ្នកនៅតែមិនយល់។ ​គាត់អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងចំពោះសំដីរបស់ខ្ញុំ​ ហើយដើរចេញទៅដោយមិនលា ដូចចម្រៀងរបស់ខេនអញ្ជឹង។​ ចុចទីនេះដើម្បីស្តាប់បទចម្រៀងតាមយូធូប៖

ជារឿយៗ​ ខ្ញុំធ្លាប់ត្រូវបានអ្នកសារព័ត៌មានច្រើនគួរសមដែរ​ បានស្នើសម្ភាសពីប្រធានបទនៃភាពជោគជ័យនេះ​ ប៉ុន្តែខ្ញុំតែងតែបដិសេធព្រោះខ្ញុំគិតថា៖​ ជោគជ័យជារឿងអរូបីយ៍ ហើយវាគ្រាន់តែជាអារម្មណ៍មួយឆាវប៉ុណ្ណោះ​ ឬវារឿងក្លែងក្លាយដូចការបកស្រាយរបស់អ្នកនាង មាស សុខសោភា ដូច្នោះដែរ។​ ចុចទីនេះដើម្បីស្តាប់បទចម្រៀងតាមយូធូប៖

មុនទៅដល់ ORGASM វាគឺជាដំណើរដ៏ច្រើនល្បត់ ច្រើនវគ្គ ច្រើនដំណាក់​ ដែលមានទាំងភាពផ្អែមល្ហែម​​ ក្តៅត្រជាក់​ ពុះកញ្ជ្រោល​ និងត្រេកត្រអាលផង។​ នៅទីបំផុត គ្រាន់តែមួយពព្រិចភ្នែកប៉ុណ្ណោះ​ អ្វីៗក៏កន្លងផុតបាត់ទៅ​។​ ភាពជោគជ័យក៏មិនខុសពី ORGASM ប៉ុន្មានដែរ។​ បូរាណខ្មែរតែងតែពោលថា៖​ «ទូកធំក្តោងធំ»។ ​​មិនថាការប្រកបការងារវិជ្ជាជីវៈឬកាន់កាប់ជំនួញដោយផ្ទាល់ខ្លួននោះឡើយ​ ទំហំនៃការទទួលខុសត្រូវនៃការងារ​ ឬជំនួញកាន់តែធំ​ ឧបសគ្គក៏កាន់តែធំដែរ។​ ​ភាពជោគជ័យប្រៀបដូចទៅនឹងការបររទះគោដូច្នោះដែរ ​ថ្វីបើសត្វគោពីរក្បាលមានជើងប្រាំបីដើរអូសរទះហើយដើរមុនកង់​ និងបានបោះត្រាទុកនូវស្នាមជើងដើម្បីបញ្ជាក់ពីវិវឌ្ឍន៍ភាពរបស់ពួកផងគេក៏ដោយ​ ក៏គង់តែត្រូវបានកង់រទេះត្រឹមតែពីរសោះ អាចបោលលប់គន្លងជើងគោទាំងប្រាំបីនោះបានដែរ។​

ការទៅដល់គោលដៅរបស់សត្វគោគឺដោយសារតែការព្យាយាមរបស់ពួកវាក្នុការបន្តដំណើរទៅមុខ តែជាអកុសល វាត្រូវកង់ឧបសគ្គរបស់រទេះដែលលប់លើដានជើងរបស់ពួកវាក៏ទៅដល់ដែរ។​ ល្គឹកណា​ យើងនៅតែរត់​ ល្គឹកនោះស្រមោលឧបសគ្គក៏នៅតែដេញតាមពីក្រោយរហូត។​ 

ដូច្នេះ យើងត្រូវកំណត់ឲ្យច្បាស់ពីនិយមន័យនៃភាពជោគជ័យ។​ បើភាពជោគជ័យត្រូវបានវាស់ស្ទង់ដោយរបស់ក្រៅខ្លួន ដូចជា លុយកាក់​ លាភសក្ការៈ បុណ្យស័ក្កិ និងអំណាចនោះ​ ស្រមោលនៃឧបសគ្គប្រហែលជានៅមិនលើលពី១០ មីលីម៉ែត្រ ពីខាងក្រោយខ្នងអ្នកទេ​ ព្រោះថារបស់ទាំងនោះ មិនមែនជារបស់ពិត វាគ្រាន់តែជាឧបករណ៍បញ្ឆោតអារម្មណ៍តែប៉ុណ្ណោះ។​ ឧទាហរណ៍ជាក់ស្តែង ក្នុងសម័យប៉ុលពត កាលនោះគេមិនចាយក្រដាសប្រាក់ទេ​ ដូច្នេះលុយដែលប្រជាពលរដ្ឋបានខំរក និងសន្សំទុកក៏ក្លាយជារបស់គ្មានតម្លៃទាំអស់។​ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងនាសម័យសេដ្ឋកិច្ចបើកចំហ​ និងសកលភាវូបនីកម្ម​ អ្វីៗក៏កាន់តែលែងឋិតថេរដែរ តួយ៉ាង បើយើងទិញរថយន្តថ្មីសន្លាងមួយគ្រឿង​​ គ្រាន់តែអូសចេញពីឃ្លាំងលក់ ហើយបើកចេញទៅដល់ផ្ទះភ្លាម រថយន្តនោះធ្លាក់តម្លៃអស់ 25%ភ្លាម។​ កាន់តែល្អិតល្អន់់ទៅទៀតនោះ​គឺ ទោះបីជាក្រដាសប្រាក់ក៏គ្មានតម្លៃឋិតថេរដែរ​ ដ្បិតវាមិនអាចជៀសមិនផុតពីអតិផរណានោះឡើយ នៅក្នុងពេលណាមួយ។​​

ដូច្នេះ​ តើភាពជោគជ័យអាចប្រៀបបានទៅនឹង ORGASM ដែរឬទេ?​ តាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ​ មានតែសេចក្តីសុខដែលបានមកពីក្តីស្រឡញ់​ ការអធ្យាស្រ័យ​ ការយោគយល់​ សេចក្តីសន្តោស​ ការមិនមិនវាតអាទិ៍​ កេងប្រវ័ញ្ច រុកកួនអ្នកដទៃ រួមទាំងក្តីមេត្តា ករុណាទេ​ ទើបជាត្រើយមួយឆ្ពោះទៅកាន់សេចក្តីសុខ។​​ លើសពីនោះទៅទៀត​ គ្មានអ្វីមានតម្លៃលើសលប់ជាងសុខភាពល្អទេ។​ បូរាណខ្មែរយើងតែងតែទទួលទានអាហារបន្លែ​ ផ្កាឈើព្រៃយ៉ាងច្រើនដូចជាស្តៅ ស្លឹកបាស ស្លឹកងប់ ស្លឹកព្រេច ជាដើម។ល។​ ពោលគឺអំបូរស្លឹកបន្លែទាំងឡាយណាដែលស្លឹកវាកាន់តែបៃតងចាស់ សារធាតុបំប៉នវាកាន់តែសម្បូរ។ អាហារទាំងនេះជាប្រភពដែលធ្វើឲ្យមានសុខភាពល្អ។​ សុខភាពល្អជាទុនមួយនៃសេចក្តីសុខដែរ។ ប្រសិនបើយើងគ្មានសុខភាពល្អទេ នោះ​យើងក៏មិនអាចប្រ​កបកិច្ចការដោយជោគជ័យដែរ។ ចូរចាំថា ប្រសិនបើសុខភាពរបស់យើងមិនល្អ ​មិនត្រឹមតែបាត់បង់ឱកាសសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំង​ បន្ទច់បង្អាក់សក្តានុភាពនៃសមាជិកគ្រួសារទៀតផង។ លើសពីនោះទៅទៀត វានឹងក្លាយជាបន្ទុករបស់គ្រួសារផងដែរ។ ដូច្នេះ គ្រួសារទាំងមូលនឹងបាត់បង់ឱកាស​ក្នុងការសម្រេគោលដៅនិងផែនការណ៍ជីវិតនីមួយៗ។ ​  

 

សម្គាល់: អត្ថបទនេះគាំទ្រដោយ MOSBEAU CAMBODIA ផលិតនៅជប៉ុន ១០០% ​សម្រាប់គាំពារ និងទ្រទ្រង់សុខភាព ដើម្បីសុខភាពល្អ សុខុមាលភាព និងអាយុយឺនយូរ។​ សម្រាប់ព័ត៌មានបន្ថែមសូមចុច👉ទីនេះ

 

ដោយ៖ សឿម ណារិន

Add Comment

Your email address will not be published. Required fields are marked *

shares